Tuesday, March 3, 2015

គង់​តែ​ដល់​វេន​យើង

ផឹក​កាហ្វេ​ជជែក​គ្នា​លេង​ជាមួយ​មិត្ត​យល់​ចិត្ត​ម្នាក់ អំពី​ការ​វិវត្ត របស់​សង្គម​ជាតិ​នា​ពេល​បច្ចុប្បន្ន​ដែល​ប្រកាន់​គោល​ជំហរ សក់​អ្នក​ណា​ក្បាល​អ្នក​ហ្នឹង មិត្ត​ខ្ញុំ ក៏​បាន​ពោល​ពាក្យ​មួយ​ឃ្លា​ថា «ពិភព​លោក​នេះ​ទទួល​រង​ការ​ឈឺចាប់​ច្រើន មិន​មែន​ព្រោះ​តែ​អំពើ​ហិង្សា​នៃ​មនុស្ស​អាក្រក់​ទេ គឺ​ព្រោះ​តែ​ការ​នៅ​ស្ងៀម​នៃ​មនុស្ស​ល្អ»។ ឃ្លា​នេះ​បាន​ដាស់​តឿន​ក្រើន​រំឭក​ខ្ញុំ​ឲ្យ​ភ្ញាក់​ពី​ដំណេក ដែល​ខ្ញុំ​លង់​លក់​យ៉ាង​យូរ​រាប់​សិប​ឆ្នាំ​ហើយ​ប្រហែល​ជា​មនុស្ស​ជា​ច្រើន ក៏​លង់​លក់​ដូច​ខ្ញុំ​ដែរ។
ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មនុស្ស​ល្អ​សម្ងំ​យក​សុខ​រៀងៗ​ខ្លួន​ដោយ​ហេតុ​ថា គេ​ខ្លាច​អំពើ​អាក្រក់​មក​យាយី​ដល់​គេ​និង​ក្រុម​គ្រួសារ។ «កូន​អើយ​កុំ​ចេះ​ដឹង​រឿង​គេ​នាំ​តែ​យក​ទុក្ខ​ដាក់​ខ្លួន​ទេ កូន​អើយ​កុំ​ចេះ​ដឹង​រឿង​ប្រទេស​ជាតិ​រឿង​នយោបាយ​រឿង​សង្គម​ជាតិ មាន​គេ​ធ្វើ​ហើយ​រក
​តែ​សុខ​ដាក់​ខ្លួន​បាន​ហើយ» ទាំង​នេះ​គឺជា​ពាក្យ​ប្រដៅ​របស់​ម្តាយ​ឪពុក​ជាច្រើន​រួម​ទាំង​គ្រួសារ​របស់​ខ្ញុំ​ផង​ដែរ។ តើ​អ្នក​សម្ងំ​សុខ​ទទួល​បាន​សុខ​ទេ? យើង​តែង​យល់​ច្រឡំ​ថា ការ​សម្ងំ​សុខ​តែ​ឯង​នឹង​ទទួល​បាន​សេចក្តី​សុខ តែ​ធម្មជាតិ​មិន​បាន​តាក់​តែង​មក​យ៉ាង​នេះ​នោះ​ទេ មនុស្ស​មាន​រូប​គឺ​មាន​ទុក្ខ សេចក្តី​សុខ​និង​ទុក្ខ​គឺជា​គូ​នឹង​គ្នា។
ថ្ងៃ​មួយ​ខ្ញុំ​បាន​មើល​វីដេអូ​ឃ្លីប ក្នុង Facebook ពី​ស្រី្ត​ម្នាក់​ដែល​ប្តី​របស់​គាត់​វាយ​ធ្វើ​បាប​យ៉ាង​វក់វី រហូត​ដល់​យក​កាំបិត​មក​អារក​ចេញ​ឈាម​រហាម​តែ​មិន​ស្លាប់ ស្រ្តី​នោះ​វារ​យ៉ាង​ត្រដាប​ត្រដួស​គេច​ចេញ​ពី​អំពើ​ហិង្សា​រក​គេ​ឯង​ជួយ តែ​មនុស្ស​ល្អ​ជាច្រើន​បែរ​ជា​ឈរ​មើល​ទៅ​វិញ។ វា​គួរ​ឲ្យ​សង្វេគ​ជា​ពន់​ពេក នៅ​ពេល​ដែល​មនុស្ស​អាក្រក់​តែ​ម្នាក់​គត់ អាច​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ចំពោះ​មុខ​មនុស្ស​ល្អ​ទាំង​ហ្វូង ដែល​សុខ​ចិត្ត​ឈរ​មើល​ទាំង​ឈឺ​ចាប់។ វីដេអូ​ឃ្លីប​មួយ​ទៀត និយាយ​អំពី​សត្វ​ក្របី​ព្រៃ​មួយ​ហ្វូង តតាំង​ជាមួយ​សត្វ​តោ​កំណាច​មួយ​ក្បាល​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​គ្នា​វា។
មនុស្ស​ជា​ច្រើន​ចូល​រួម​យោបល់​ថា «សូម្បី​តែ​សត្វ​ក៏​វា​ចេះ​ជួយ​គ្នា​វា​ដែរ​សូម្បី​ក្របី​ព្រៃ​ក៏​វា​មាន​ឧត្តម​គតិ​ដែរ» ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ចុះ​អ្នក​និង​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ជន​រួម​ជាតិ​មួយ​នេះ? តើ​ខ្ញុំ​អន់​ជាង​សត្វ​ទៅ​ទៀត​មែន​ទេ? ខ្ញុំ​បន្ទោស​ខ្លួន​ឯង តែ​ខ្ញុំ​នៅ​តែ​គ្មាន​សកម្មភាព​អ្វី​សោះ​ដដែល​ជា​ដដែល។
ខ្មែរ​មាន​ប្រជាជន ១៤ លាន​ឬ​ប្រហាក់​ប្រហែល ១៥ លាន​នាក់។ តើ​ខ្មែរ​មិន​មាន​មនុស្ស​ល្អ​សោះ​មែន​ទេ? តើ​ពូជ​ខ្មែរ​សុទ្ធ​តែ​អាក្រក់ អាត្មា​និយម​មែន​ទេ? មិន​អាច​ទេ! យ៉ាង​ហោច​ណាស់​យើង​មាន​មនុស្ស ១០ លាន​នាក់​ដែរ​ជា​មនុស្ស​ល្អ ប៉ុន្តែ​ប្រហាក់​ប្រហែល​ជិត ១០ លាន​នាក់​សុខ​ចិត្ត​នៅ​ស្ងៀម​មិន​និយាយ​ស្តី ទុក​ឲ្យ​មនុស្ស​អាក្រក់​ប៉ុន្មាន​នាក់​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​នាំ​គ្នា​ឈរ​មើល​ទាំង​ភ័យ​ខ្លាច។ ថ្ងៃ​នេះ​គ្រោះ​គេ តែ​យើង​បែរ​ជា​ឈរ​មើល​ទាំង​ការ ឈឺចាប់ ចុះ​បើ​ថ្ងៃ​ស្អែក បែរ​ជា​គ្រោះ​យើង​វិញ​តើ​មាន​អ្នក​ណា​ជួយ​យើង? ឬ​មនុស្ស​ជុំវិញ​យើង​បាន​ត្រឹម​ឈរ​មើល​ទាំង​ឈឺចាប់​ដែរ? ដូច​ករណី​ស្រ្តី​បឹង​កក់​ដែល​គេ​រំលោភ​យក​ដី​ធ្លី ករណី​ភូមិ​ប្រម៉ា ដែល​គេ​ចាប់​ចង​ធ្វើ​បាប​រហូត​ដល់​សម្លាប់​ក្មេង​ម្នាក់​អាយុ ១៤​ឆ្នាំ ដែល​មិន​ដឹង​អី​សោះ ករណី​អ្នក ភូមិ​ឡពាង ករណី ស្រុក​ស្នួល ករណី​នៅ រតនគិរី ករណី​ស្ពាន​ថ្ម ក្រុង​ប៉ោយ​ប៉ែត ដែល​គេ​ចង​មនុស្ស​ដូច​សត្វ​ធាតុ ករណី​បុរីកីឡា​និង​ករណី​ជាច្រើន​ទៀត​ដែល​រៀប​រាប់​មិន​អស់​ជាដើម។ តែ​យើង​រាល់​គ្នា​បាន​ត្រឹម​តែ​ឈរ​មើល​ហើយ​ស្រែក​ថា អយុត្តិធម៌​ណាស់​អ្នក​មាន​អំណាច អ្នក​មាន​លុយ​ធ្វើ​បាប​រំលោភ​ជិះ​ជាន់​អ្នក​ក្រី​ក្រ​កាប់​សម្លាប់ ចាប់​ចង​ធ្វើ​បាប​ដូច​សត្វ​ធាតុ​តាម​តែ​អំពើ​ចិត្ត​ក៏​ប៉ុន្តែ​យើង​តែង​តែ​នៅ​ស្ងៀម​ទុក​ឲ្យ​មនុស្ស​អាក្រក់​ធ្វើ​អ្វីៗ​តាម​ចិត្ត​គេ។ក្នុង​ករណី​បឹងកក់ តើ​ឈ្មួញ​បឹងកក់ និង​អ្នក​មាន​អំណាច​មាន​ប៉ុន្មាន​នាក់? ជន​មួយ​ក្តាប់​តូច​នេះ​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ បើ​សិន​ជា​មនុស្ស​ល្អ​ទាំង​នគរ​ក្រោក​ឡើង។ តែ​យើង​បែរ​ជា​ជ្រើស​រើស​យក​សុខ​តែ​ឯង យើង​សម្ងំ​ស្ងៀម​ទាំង​ឈឺ​ចាប់ ទុក​ឲ្យ​អ្នក​ជិត​ខាង​របស់​យើង​រង​ទុក្ខ​វេទនា​រក​ទី​បំផុត​គ្មាន។ ថ្ងៃ​នេះ​គេ​យក​ដី​អ្នក​ជិត​ខាង​យើង មិន​ប្រាកដ​ថា ថ្ងៃ​ស្អែក គេ​គ្មាន​មហិច្ឆតា​យក​ដី​យើង​នោះ​ទេ ថ្ងៃ​នេះ​មនុស្ស​អាក្រក់​ធ្វើ​អ្វី​បាន​តាម​តែ​អំពើ​ចិត្ត​មិន​ប្រាកដ​ថា ថ្ងៃ​ស្អែក​គេ​ឈប់​ធ្វើ​នោះ​ទេ។ សារជាតិ​មនុស្ស​អាក្រក់​មិន​ដែល​ចង់​ធ្វើ​អំពី​ល្អ​នោះ​ទេ។ សារជាតិ​សត្វ​តោ​មិន​ដែល​ឈប់​ស៊ី​សាច់​នោះ​ទេ ហើយ​បើ​វា​អស់​សត្វ​ត្រូវ​ស៊ី​នៅ​ជិត​វា​ហើយ វា​នឹង​ស្វែង​រក​សត្វ​ដែល​នៅ​កន្លែង​ផ្សេងៗ​ទៀត​ដែល​វា​អាច​ស៊ី​បាន​ជា​មិន​ខាន។
ករណី អាឡិច ជា​ករណី​មួយ​ទៀត​ដែល​មនុស្ស​ល្អ​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ។ យើង​ទាំង​អស់​គ្នា​ស្ទាក់​ស្ទើរ​នឹង​ធ្វើ​អំពើ​ល្អ​ដើម្បី​ខ្មែរ​ទាំង​មូល ហើយ​ក៏​ប្រហែល​ដើម្បី​មនុស្ស​ជាតិ​ទាំង​មូល​ផង​ដែរ។ «មនុស្ស​ល្អ​ឬ​អាក្រក់ មិន​មែន​ស្ថិត​នៅ​លើ​ជាតិ​សាសន៍​នោះ​ទេ តែ​វា​ស្ថិត​នៅ​លើ​អំពើ​ដែល​មនុស្ស​នោះ​បាន​ប្រព្រឹត្ត​តែ​មួយ​មុខ​គត់» នេះ​ជា​ឃ្លា​មួយ​ទៀត​ដែល​មិត្ត​ល្អ​របស់​ខ្ញុំ​បាន​ប្រដៅ​ខ្ញុំ។ ប្រទេស​ដ៏​តូច​មួយ​នេះ ពិត​ជា​ត្រូវ​ការ​មនុស្ស​ល្អ​ថែម​ទៀត​ដើម្បី​កសាង​ជាតិ​របស់​យើង​ប្រទេស​មួយ​នេះ​ត្រូវ​តែ​ស្វាគមន៍​មនុស្ស​គ្រប់​គ្នា​ដែល​ជួយ​ឲ្យ​ដែន​ដី​ដ៏​តូច​មួយ​នេះ​រីក​ចម្រើន​រុងរឿង ទោះ​អ្នក​នោះ​ជា ចិន ចាម យួន ឬ​អេស្ប៉ាញ ក៏​ដោយ​ឲ្យ​តែ​អ្នក​នោះ មិន​បាន​បំផ្លាញ​ជាតិ​សាសន៍​មួយ​នោះ គឺជា​មិត្ត​ទាំង​អស់។
បណ្ឌិត​សាស្រ្តាចារ្យ សូរិយ៉ា ស៊ូប៊ែរឌី (Surya P.Subedi) អ្នក​រាយការណ៍​ពិសេស​អំពី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ម្តង​នោះ​បាន​លើក​ឡើង​ថា «អ្វី​ដែល​ខ្ញុំ​ធ្វើ​នៅ​ថ្ងៃ​នេះ អ្នក​នឹង​ដឹង​យ៉ាង​ពិត​ប្រាកដ​នៅ ២០ ឆ្នាំ​ក្រោយ»។
ចំណែក​ករណី​ព្រៃឈើ​របស់​យើង​មិន​អាច​ឈរ​ឱប​ដៃចាំ​មើល​នៅ ២០​ឆ្នាំ ក្រោយ​នោះ​ទេ ព្រោះ​ថា ២០ ឆ្នាំ​ក្រោយ​កូន​របស់​យើង ចៅ​របស់​យើង​នឹង​ដៀល​យើង​ជា​មិន​ខាន ២០​ឆ្នាំ ក្រោយ​នឹង​មាន​តែ​ការ​សោក​ស្តាយ​តែ​មួយ​មុខ​គត់ ២០ ឆ្នាំ​ក្រោយ​យើង អាច​បាន​ត្រឹម​តែ​ស្រែក​ថា សោក​ស្តាយ​និង​រង​នូវ​ភាព​អាម៉ាស់​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​តែ​ប៉ុណ្ណោះ។ ពេល​នោះ​យើង​ប្រហែល​បាន ត្រឹម​តែ​មាន​អំនួត​ក្តែងៗ​ថា ពី​មុន​ខ្មែរ​ជា​ប្រទេស​មួយ សម្បូរ​ធនធាន​ធម្មជាតិ​យ៉ាង​អស្ចារ្យ ពី​មុន​ខ្មែរ​ជា​អាណាចក្រ​ដ៏​រុង​រឿង​មួយ​តែ​ប៉ុណ្ណោះ តែ​ខ្មែរ​បច្ចុប្បន្ន​មិន​បាន​ធ្វើ​អ្វី​សោះ​ដើម្បី​ជា​អំនួត​កូន​ចៅ​ជំនាន់​ក្រោយ។
យើង​ប្រហែល​បាន​ត្រឹម​ស្រមៃ​ទៅ​រក​អតីតកាល ដែល​ដូច​អ្វី​ដែល​យើង​តែង​តែ​មាន​អំនួត​អំពី​សម័យ​អង្គរ​ប្រាប់​ទេសចរ​ដូច​រាល់​ថ្ងៃ​នេះ​ជា​មិន​ខាន​ដែល​ធាតុ​ពិត​ខ្មែរ​លែង​ជា​អច្ឆរិយ​ប្រទេស​ទៀត​ហើយ។ យើង​ត្រូវ​ចាំ​ថា ទឹក​មួយ​ប៉ោត​មិន​អាច​ពន្លត់​ភ្លើង​ព្រៃ​បាន​ទេ​តែ​បើ​យើង​គ្រប់​គ្នា​រួម​គ្នា យក​តែ​ទឹក​មួយ​ផ្តិល​ម្នាក់​វា​ល្មម​គ្រប់​គ្រាន់​នឹង​ពន្លត់​ភ្លើង​ដែល​កំពុង​តែ​ឆេះ ក្នុង​ប្រទេស​យើង​ទាំង​មូល​បាន​ជា​ប្រាកដ៕
ពី​ខ្ញុំ​កូន​ខ្មែរ សូរ សុវណ្ណ អ៊ីមែលៈsosovann1@gmail.com

No comments:

Post a Comment